04/03/2024
ដើមចេកដែលជាទូទៅគេនឹងកាប់ចោលក្រោយពេលដែលប្រមូលផលរួច បានកំពុងតែ ក្លាយជា ផលិតផលដែលអាចច្នៃចេញជាវត្ថុប្រើប្រាស់ផ្សេងៗដូចជាខ្សែវេញ និង ការបូបដើម្បីលក់បានលុយ ហើយ អាច ជួយមួយផ្នែកដល់យុទ្ធនាការលុបបំបាត់ថង់ប្លាស្ទិក។
គួរអោយចាប់អារម្មណ៍នោះ របរច្នៃដើមចេកបោះចោលនេះចាប់ផ្តើមជាមួយលុយ តែ ២០០ដុល្លារប៉ុណ្ណោះ។
គំនិតច្នៃប្រឌីតនេះ គឺកើតឡើងដោយស្រ្តីវ័យកណ្តាលម្នាក់មកពីខេត្តបាត់ដំបង ដែលអាច កែច្នៃដើមចេកលក់យកប្រាក់ ព្រោះតែបទពិសោធន៍ដែលធ្លាប់ឃើញឪពុក ធ្វើកាលពីក្មេងៗ។
លោកស្រី ឆាត សុឃឿប អាយុ៣៧ ឆ្នាំ មកពីភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន ខេត្តបាត់ដំបង បានអោយដឹងថា ដើមចេកមានច្រើនប្រភេទ ដែលអាចទាញយកប្រយោជន៍ មកកែច្នៃបន្តធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗ តែដើមចេកដែលលោកស្រីយកមកកែច្នៃនេះ គឺជា ដើមចេកដែលអោយផ្លែនិងផលរួច ត្រូវកាប់ចោលក្លាយជាសំរាម ។
លោកស្រី ឆាត សុឃឿប ជាសហប្រធាន អនុសារតម្បាញចេកខ្មែរ បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ដឹងថា «មូលហេតុដែលសំខាន់បំផុតនោះទី១គឺនៅពេលដើម ចេកគេ កាប់ផ្លែហើយ យើងអត់ដឹងថាយកទៅធ្វើអីទៀតនោះទេ ក្រៅពីចំណីសត្វ។ ដូច្នេះទើប យើងបែកគំនិតយកវាមកធ្វើការកែច្នៃអោយអស់ពីលទ្ធភាព ដើម្បីធ្វើជាប្រយោជន៍។ ប្រយោជន៍វាពេលដែលច្នៃបាន ដូចជាករណីវត្ថុសម្រាប់ដាក់កែវកាហ្វេ ពោល គឺយើងអាច កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបាន»។
លោកស្រី ឆាត សុឃឿប បន្តថា ការកែច្នៃ ការត្បាញ ការវេញខ្សែដើមចេកទាំងនេះ ជាក្បាច់ មរតករបស់ដូនតាខ្មែរ ហើយលោកស្រីមានគំនិតក្នុងការថែរក្សាទុកជាកេរ្តិ៍ដំណែល សម្រាប់ មនុស្សជំនាន់ក្រោយ។
តម្បាញចេកខ្មែរ ជាអាជីវកម្មក្នុងស្រុកមួយ បានចាប់កំណើតឡើងក្នុងឆ្នាំ២០២០ តែ ដំណើរការពេញលេញក្នុងឆ្នាំ២០២១ ហើយបច្ចុប្បន្នប្រើប្រាស់ធនធានមនុស្សសុទ្ធតែជាស្រ្តី ដែលកំពុងរស់នៅតាមសហគមន៍ ដើម្បីបង្កើតការងារនិងប្រាក់ចំណូលសម្រាប់ពួកគាត់ កាត់បន្ថយការចំណាកស្រុកទៅធ្វើជាពលករនៅក្រៅប្រទេសជាពិសេសប្រទេសថៃ។
លោកស្រី ឆាត សុឃឿប បន្ថែមថា «ស្ថានភាពទីផ្សារខ្ញុំអាចនិយាយបានថា តាំងពីដើមរហូត មកដល់ឥឡូវវា ប្រសើរម្តងបន្តិចៗ ដោយសារតែឥឡូវម្ចាស់អាជីវកម្ម គាត់ងាកមកចាប់ អារម្មណ៍រឿងបរិស្ថាន ហើយគាត់ចង់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ទាក់ទងជាមួយ គំនិតធ្វើនេះក៏ខ្ញុំ បានពីម្ចាស់អាជីវកម្មម្នាក់ដែរ គាត់លក់កាហ្វេ គាត់សុំអោយខ្ញុំថា បងអាច ត្បាញបែបនេះបានឬអត់? អ៊ីចឹង ខ្ញុំក៏សាកល្បងធ្វើ ហើយនឹកឃើញដល់ក្បាច់ដែល ប៉ាខ្ញុំ គាត់ធ្លាប់ធ្វើ។ ខ្ញុំធ្លាប់ឃើញគាត់ធ្វើកាលនៅពីតូច»។
លោកស្រី ឆាត សុឃឿប បន្តថា វត្ថុដែលកែច្នៃចេញពីដើមចេកទាំងនេះ តម្លៃខ្ពស់បំផុត គឺការបូបដែលត្បាញចេញពីដើមចេក តម្លៃចាប់ពី៣០ដុល្លាឡើងទៅតាមទំហំ និង តម្លៃទាបបំផុតគឺខ្សែសម្រាប់ដាក់កែវកាហ្វេ ១ដុំមាន២០ខ្សែតម្លៃ៤០០០រៀល។
លោកស្រីបានបន្តថា អាជីវកម្មតម្បាញដើមចេកដែលកំពុងតែដំណើរការនេះចាប់ផ្តើមដោយ ដើមទុនប្រើប្រាស់ត្រឹមតែជាង២០០ដុល្លាអាមេរិកប៉ុណ្ណោះ ។
លោកស្រី ឆាត សុឃឿប បន្តថា «ដើមចេកដែលយើងកំណត់យកអាខ្ចី ឬមួយក៏យក អាមិនទាន់ផ្លែវាខាត។ ដូច្នេះហើយយើងកំណត់យកកាត់ផ្លែហើយ គឺយើងយក ដើមចេក ហ្នឹងមកប្រើ។ ចាប់ពីពេលដែលយើងយកវាមកហាល បើយើងគិតរយៈពេលហាល យ៉ាងលឿនណាស់ក៏បីថ្ងៃដែរ តែជាថ្ងៃដែលមេឃស្រឡះល្អ មេឃក្តៅល្អ។ បើមេឃស្រទុំវិញ មួយអាទិត្យឬ១០ថ្ងៃ ហើយសម្បុរខ្សែក៏មិនសូវស្អាតនោះដែរ។ តែបើមេឃ ស្រឡះសម្បុរ ខ្សែស្អាត។ បន្ទាប់ពីហ្នឹងមកយើងយកមកវេញ យកមកជ្រៀក បើយើងគិតសាច់វេញធ្វើ វាដើម្បីបានមួយនេះ គឺប្រើរយៈពេល១០នាទីជាង។ អ៊ីចឹងក្នុងមួយថ្ងៃ អ្នកវេញអស់ស្ទុះហើយ បាន១០០ជាង»។
យ៉ាងណាមិញ ដើម្បីអោយដំណើរការអាជីវកម្មមួយនេះទៅដោយរលូន មិនមាន ភាពងាយ ស្រួលនោះទេ។ លោកស្រីនិងសហស្ថាបនិក បានសន្សំបទពិសោធការសិក្សារៀនសូត្ររាប់ឆ្នាំ រហូតមានសមត្ថភាពនិងធនធានអាចបើកដំណើរការអាជីវកម្មនេះ។
លោកស្រី ឆាត សុឃឿប បន្ថែមថា «ចំពោះទស្សនវិស័យរបស់យើងទី១ យើងចង់អោយ ផលិតផលយើង គឹជាផលិតផលដែលចូលរួមចំណែកថែរក្សាបរិស្ថាន និងគាំទ្រដល់ វិស័យវប្បធម៌។ មួយទៀតយើងចង់តាមរយៈអាជីវកម្មមួយនេះ យើងចង់អោយមានរូបភាព នៃការកាត់បន្ថយ អ្នកចំណាកស្រុកនៅតាមសហគមន៍ តាមរយៈការដែលយើងផ្តល់ការងារ ជូនគាត់ធ្វើ ជាពិសេសស្ត្រីមេម៉ាយ អ្នកមានពិការភាព បើសិនជាគាត់អាច ធ្វើបានយើង ផ្តល់ឱកាស និងអ្នកដែលមានចំណេះដឹងទាបៗ ដែលគាត់អត់មានឱកាសក្នុង ការរកប្រាក់ចំណូលបានច្រើន»៕